Saturday, August 13, 2011

ជោគ​ជ័យ​ក្នុង​ការ​បង្កប់​ពុម្ព​អក្សរ​សម្រាប់ iPhone និង Android 3.1+

សាក​អាន​អត្ថបទ​នេះ​នៅ​លើ iPhone៖
---------------------------
កម្លាំង​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​បាន​ដឹក​នាំ​កម្លាំង​ចុះ​ចាប់​ខ្លួន​អតីត​មេ​បញ្ជា​ការ​កង​អង្គរក្ស​លោក ជា ស៊ីម ឈ្មោះ ឈឿន ចាន់​ថន ផ្កាយ​៣ និង​កូន​ចៅ ៣​នាក់​ទៀត នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៣ សីហា ស្ថិត​នៅ​ផ្ទះ​លេខ​៦៥ ផ្លូវ​៩៥ សង្កាត់​បឹង​កេង​កង​៣ ខណ្ឌ​ចម្ការ​មន រាជ​ធានី​ភ្នំពេញ។

មេ​បញ្ជា​ការ​រង​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ លោក ពង្ស សាវរិទ្ធ បាន​មាន​ប្រសាសន៍​ថា ឥឡូវ​នេះ​អ្នក​ទាំង​៤​នាក់ គេ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ទីស្នាក់ការ​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី។

លោក ពង្ស សាវរិទ្ធ បាន​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​នេះ តាម​ដីកា​របស់​ព្រះ​រាជ​អាជ្ញា​រង​រាជ​ធានី​ភ្នំពេញ ប៉ុន្តែ​លោក​មិន​ទាន់​បញ្ជាក់​ច្បាស់​លាស់​នៅ​ឡើយ អំពី​មូល​ហេតុ​នៃ​ការ​ចាប់​ខ្លួន ថា​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​អ្វី​នោះ​ទេ។

ព្រះ​រាជ​អាជ្ញា​រង​សាលាដំបូង​រាជ​ធានី​ភ្នំពេញ លោក មាស ច័ន្ទ​ពិសិដ្ឋ មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ​ទេ ដោយ​លោក​បញ្ជាក់​ថា ករណី​នេះ ស្ថិត​នៅ​ក្នុង​នីតិ​វិធី​ស៊ើប​អង្កេត ៖ "ខ្ញុំ​អត់​ទាន់​ជម្រាប​ជូន​បាន​ទេ សូម​អធ្យាស្រ័យ"។

ទោះបី​ជា​យ៉ាង​នេះ​ក្ដី កាសែត​ក្នុង​ស្រុក​ចំនួន​ពីរ បាន​ចុះ​ផ្សាយ​ទាក់​ទង​ទៅ​នឹង​ការ​ចាប់​ខ្លួន​លោក​ផ្កាយ​បី ដែល​ជា​ប្រធាន​កង​អង្គរក្ស​លោក ជា ស៊ីម នេះ​ថា ពាក់ព័ន្ធ​ទៅ​នឹង​គ្រឿងញៀន និង​ថា​ពាក់ព័ន្ធ​បទ​រំលោភ​លើ​សេចក្ដី​ទុក​ចិត្ត និង​ឆបោក​លោក ជា ស៊ីម ក្នុង​ការ​យក​ថវិកា​ទៅ​កសាង​សមិទ្ធផល​ផ្សេងៗ។

ប្រធាន​គណ​បក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា បាន​សាទរ​ចំពោះ​ការ​ចាប់​ខ្លួន ឬ​ការ​បង្ក្រាប​មន្ត្រី​មាន​អំណាច​នានា​របស់​រដ្ឋាភិបាល ប៉ុន្តែ​លោក កឹម សុខា បាន​បញ្ជាក់​ថា រដ្ឋាភិបាល​គួរ​តែ​ចាប់​ជា​ទូទៅ ៖ "បង្ក្រាប​ទូទៅ​គឺ​ថា​អ្នក​ណា​ខាង​ណា​បក្ស​ពួក​ណា​ក៏​ដោយ ឲ្យ​តែ​ធ្វើ​ខុស តែ​កន្លង​មក​ការ​ចាប់​ខ្លួន​អ្នក​ធំ​នៅ​ក្នុង​គណ​បក្ស​ប្រជា​ជន ទាក់​ទង​គ្រឿង​ញៀន​នេះ ភាគ​ច្រើន​ខាង​ខ្សែ​តា ជា ស៊ីម"។

រហូត​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ប្រភព​ឯករាជ្យ​ណា​មួយ​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​ប្រធាន​អង្គរក្ស​លោក ជា ស៊ីម និង​កូន​ចៅ ៣​នាក់​ទៀត ថា​ពី​បទ​អ្វី​ពិត​ប្រាកដ​នៅ​ឡើយ​ទេ។

កាល​ពី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១១ ក្រសួង​មហា​ផ្ទៃ​បាន​ចាប់​ខ្លួន​លោក មឹក ដារ៉ា មន្ត្រី​ជាន់​ខ្ពស់​ទទួល​បន្ទុក​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន និង​មន្ត្រី​នៅ​ក្រោម​បង្គាប់​មួយ​ចំនួន​ទៀត ដែល​មាន​ជាប់​ពាក់ព័ន្ធ​រឿង​អាស្រូវ​ក្នុង​អំពើ​ពុករលួយ​ក្នុង​ការ​បង្ក្រាប​ការ​ជួញដូរ​គ្រឿង​ញៀន។

នៅ​ថ្ងៃ​ទី​១៣ សីហា លោក នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ចេញ​អនុ​ក្រឹត្យ​តែង​តាំង​ឧត្ដម​សេនីយ៍​ឯក យឹម លាង ជា​មេ​បញ្ជា​ការ​កង​ឯកភាព​អង្គរក្ស​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា បន្ថែម​លើ​មុខ​ងារ​បច្ចុប្បន្ន។ ការ​តែង​តាំង​នេះ ធ្វើ​ឡើង​ភ្លាមៗ បន្ទាប់​ពី​គេ​ចាប់​ខ្លួន​អតីត​ប្រធាន​បញ្ជា​ការ​កង​អង្គរក្ស​លោក ជា ស៊ីម ឈ្មោះ ឈឿន ចាន់​ថន នៅ​ព្រឹក​ថ្ងៃ​ទី​១៣ សីហា ដដែល។ ក្នុង​អនុ​ក្រឹត្យ​តែង​តាំង​នេះ​បាន​សរសេរ​ថា ការ​តែង​តាំង​ប្រធាន​កង​ឯកភាព​អង្គរក្ស​ថ្មី​នេះ យោង​ទៅ​តាម​សំណើ​របស់​លោក ជា ស៊ីម៕

No comments:

Post a Comment